10. កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។
11. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
12. រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។
13. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។
14. បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្ដនៅលើគ្រែ។
15. ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16. លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះ ដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឲ្យបានជាគ្រប់ៗគ្នា
17. ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី*អេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ» ។
18. កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។
19. ពេលនោះ មានអាចារ្យ*ម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។
20. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។