1. កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។
2. ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។
3. ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។
4. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
5. នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖
6. «លោកម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។
7. ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យបានជា»។