6. កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
7. «ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន
8. ដ្បិតអ្នកណាសុំ អ្នកនោះតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះតែងតែបានឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។
9. ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ង មិនដែលមាននរណាយកដុំថ្មឲ្យវាឡើយ
10. ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសឲ្យវាដែរ។
11. សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត!»។
12. «ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។
13. ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។
14. រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។
15. «ចូរប្រយ័ត្ននឹងពួកព្យាការី*ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។
16. អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*ពីគុម្ពបន្លាឡើយ។
17. ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់តែងផ្ដល់ផ្លែអាក្រក់។