9. អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ:ឱព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានបរមសុខ*អើយ!
10. សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គឲ្យមនុស្សលោកស្គាល់*សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។
11. សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
12. សូមអត់ទោសឲ្យយើងខ្ញុំដូចយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
13. សូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់ការល្បួងឡើយតែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច[ដ្បិតព្រះអង្គគ្រងរាជ្យទ្រង់មានឫទ្ធានុភាព និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]
14. បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរ។
15. ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។
16. «កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឲ្យអ្នកដទៃឃើញ ថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
17. រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង
18. កុំឲ្យមនុស្សម្នាឃើញថាអ្នកតមឡើយ គឺឲ្យតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
19. «កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។
20. ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ*វិញ ជាស្ថានដែលគ្មានកណ្ដៀរ និងច្រែះស៊ីជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ
21. ដ្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។
22. «ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ
23. តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កម្រិតណាទៀតទេ»។