2. ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
3. រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ
4. ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
5. «កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
6. រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវ ចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។
7. ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
8. កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
9. អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ:ឱព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានបរមសុខ*អើយ!
10. សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គឲ្យមនុស្សលោកស្គាល់*សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។