ម៉ាថាយ 5:26-36 Khmer Standard Version (KHSV)

26. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។

27. «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់”។

28. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។

29. ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។

30. ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។

31. «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង”

32. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀប‌ការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

33. «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់”។

34. រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់

35. ក៏​កុំ​ស្បថ​ដោយ​យក​ផែន‌ដី​ជា​សាក្សី​ដែរ ព្រោះ​ផែន‌ដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម។

36. កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។

ម៉ាថាយ 5