18. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យ* ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។
19. អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។
20. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត*របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ* និងពួកផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ»។
21. «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា “កុំសម្លាប់មនុស្ស” អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។
22. រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។
23. ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក
24. ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។
25. កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។
26. ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។