1. ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ
2. ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
3. «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់អ្នកនោះមានសុភមង្គល*ហើយដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ!
4. អ្នកណាសោកសៅអ្នកនោះមានសុភមង្គលហើយដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ!
5. អ្នកណាមានចិត្តស្លូតបូតអ្នកនោះមានសុភមង្គលហើយដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!
6. អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត*អ្នកនោះមានសុភមង្គលហើយដ្បិតព្រះជាម្ចាស់នឹងប្រទានឲ្យពួកគេបានឆ្អែត!
7. អ្នកណាមានចិត្តមេត្តាករុណាអ្នកនោះមានសុភមង្គលហើយដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ!
8. អ្នកណាមានចិត្តបរិសុទ្ធ*អ្នកនោះមានសុភមង្គលហើយដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!
9. អ្នកណាកសាងសន្តិភាពអ្នកនោះមានសុភមង្គលហើយដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់!
10. អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្ដីសុចរិត*អ្នកនោះមានសុភមង្គលហើយដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ!