18. កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
19. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
20. អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
21. ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
22. អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
23. ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ* ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជាផង។
24. ព្រះកិត្តិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ព្រះអង្គក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
25. មានមហាជនជាច្រើនពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់ នាំគ្នាដើរតាមព្រះយេស៊ូ។