17. តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។
18. កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
19. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
20. អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
21. ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។