1. នៅគ្រានោះ លោកយ៉ូហានបាទីស្ដ*មកដល់ លោកប្រកាសនៅវាលរហោស្ថាន*ស្រុកយូដាថា៖
2. «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ!»។
3. ព្យាការី*អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា: “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”» ។
4. លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។
5. អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។
6. គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*ឲ្យគេក្នុងទន្លេយ័រដាន់។
7. កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធ*របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?
8. ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។
9. កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។
10. ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។
11. ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ* និងដោយភ្លើងវិញ។