6. ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន
7. ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។
8. ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជម្រាបពួកសិស្ស។
9. ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ទ្រង់មានព្រះបន្ទូលថា៖ «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។
10. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
11. កាលស្ត្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកនាយកបូជាចារ្យអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។
12. ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន
13. ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។
14. ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។
15. ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
16. សិស្ស*ទាំងដប់មួយរូបនាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឲ្យគេទៅ។