ម៉ាថាយ 28:4-14 Khmer Standard Version (KHSV)

4. ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។

5. ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។

6. ព្រះ‌អង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន

7. ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ជា​ប្រញាប់ ថា​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ សុំ​នាង​ជ្រាប!»។

8. ស្ត្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។

9. ពេល​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ជួប​ពួក​នាង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះ‌បាទា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។

11. កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជម្រាប​ពួក​នាយក​បូជា‌ចារ្យ​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។

12. ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន

13. ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។

14. ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។

ម៉ាថាយ 28