48. រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។
49. ប៉ុន្តែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។
50. ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។
51. ពេលនោះ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
52. ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ*ជាច្រើនបានរស់ឡើងវិញ
53. និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។
54. កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
55. នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។