11. ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
12. ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។
13. លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។
14. ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
15. ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។
16. នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។
17. កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រិស្ដ?»។
18. លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
19. នៅពេលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។