63. ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។
64. ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកលើពពក*ក្នុងផ្ទៃមេឃ»។
65. ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អំបាញ់មិញស្រាប់!
66. តើអស់លោកយល់យ៉ាងណា?»។ ពួកគេឆ្លើយឡើងថា៖ «អ្នកនេះត្រូវមានទោសដល់ជីវិត!»។
67. គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភ័ក្ត្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ
68. ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រិស្ដអើយ អ្នកណាវាយឯង!»។
69. ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបម្រើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។
70. ប៉ុន្តែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
71. ពេលលោកពេត្រុសដើរចេញពីទីនោះឆ្ពោះទៅរកខ្លោងទ្វារ មានស្ត្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូជាអ្នកភូមិណាសារ៉ែតដែរ!»។
72. លោកពេត្រុសក៏ប្រកែកសាជាថ្មី ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។