50. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។
51. មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ* ដាច់ស្លឹកត្រចៀក។
52. ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។
53. អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំឲ្យចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
54. តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
55. ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ*ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
56. ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
57. លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ*។ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។
58. លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។
59. ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ
60. ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក