32. ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។
33. លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»។
34. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35. លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។
36. ពេលនោះ ព្រះយេស៊ូយាងទៅជាមួយពួកសិស្ស*ដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន*នៅត្រង់កន្លែងនោះ»។
37. ព្រះអង្គនាំលោកពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ
38. ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។
39. ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។
40. ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!»។
41. «ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
42. ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។
43. ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
44. ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។
45. បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញ មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។