ម៉ាថាយ 26:31-40 Khmer Standard Version (KHSV)

31. ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល ដ្បិត​មាន​ចែង​ទុក​មក​ថា: “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ”។

32. ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា»។

33. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទាំង​អស់​គ្នា​ក៏​ដោយ ក៏​ទូលបង្គំ​មិន​សុខ​ចិត្ត​បោះ‌បង់​ចោល​ព្រះ‌អង្គ​ជា​ដាច់​ខាត!»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

35. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះ‌អង្គ​ដូច​លោក​ពេត្រុស​ដែរ។

36. ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស*​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន*​នៅ​ត្រង់​កន្លែង​នោះ»។

37. ព្រះ‌អង្គ​នាំ​លោក​ពេត្រុស និង​កូន​របស់​លោក​សេបេ‌ដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះ‌ហឫទ័យ ហើយ​ចុក​ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ

38. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ»។

39. ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​វិញ»។

40. ព្រះ‌អង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!»។

ម៉ាថាយ 26