30. ក្រោយពីបានច្រៀងទំនុកតម្កើង*រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។
31. ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា: “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ”។
32. ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។
33. លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»។
34. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35. លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។