ម៉ាថាយ 25:27-42 Khmer Standard Version (KHSV)

27. គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់ ទាំង​ដើម ទាំង​ការ!។

28. ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ

29. ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

30. ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។

31. «នៅ​ពេល​បុត្រ​មនុស្ស​យាង​មក​ជា​មួយ​ពួក​ទេវតា* ប្រកប​ដោយ​សិរី‌រុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។

32. ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ

33. គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។

34. ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក

35. ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ

36. កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។

37. ពួក​អ្នក​សុចរិត​ទូល​ព្រះ‌អង្គ​វិញ​ថា: “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ ឬ​ឃើញ​ព្រះ‌អង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះ‌អង្គ​សោយ​ពី​អង្កាល់?

38. តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះ‌អង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះ‌អង្គ​ពី​អង្កាល់?

39. តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះ‌អង្គ​ពី​អង្កាល់?”។

40. ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។

41. បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!

42. ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ

ម៉ាថាយ 25