25. ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឲ្យ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។
26. ម្ចាស់ក៏ពោលទៅអ្នកនោះថា: “នែ៎ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។
27. គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។
28. ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែននោះទៅ
29. ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។
30. ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”»។
31. «នៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវតា* ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។
32. ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ
33. គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។
34. ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក