ម៉ាថាយ 25:20-36 Khmer Standard Version (KHSV)

20. អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់ ដោយ​ពោល​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។

21. ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។

22. អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត”។

23. ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។

24. បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។

25. ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។

26. ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា: “នែ៎ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។

27. គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់ ទាំង​ដើម ទាំង​ការ!។

28. ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ

29. ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

30. ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។

31. «នៅ​ពេល​បុត្រ​មនុស្ស​យាង​មក​ជា​មួយ​ពួក​ទេវតា* ប្រកប​ដោយ​សិរី‌រុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។

32. ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ

33. គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។

34. ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក

35. ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ

36. កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។

ម៉ាថាយ 25