15. គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។
16. អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
17. អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។
18. រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។
19. លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។
20. អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។
21. ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
22. អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជម្រាបថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។
23. ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
24. បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថា: “លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។
25. ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឲ្យ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។
26. ម្ចាស់ក៏ពោលទៅអ្នកនោះថា: “នែ៎ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។
27. គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។
28. ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែននោះទៅ
29. ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។