10. នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។
11. ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថា: “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!”។
12. ស្វាមីឆ្លើយទៅវិញថា: “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។
13. ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្ស*នឹងមកដល់ថ្ងៃណា ពេលណាឡើយ»។
14. «ព្រះរាជ្យ*នៃស្ថានបរមសុខ* ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។
15. គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។
16. អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
17. អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។
18. រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។
19. លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។
20. អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។
21. ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។