23. ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ដ*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ
24. ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការី*ក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
25. ខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។
26. បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ
27. ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។
28. សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។
29. «លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។
30. ពេលនោះ ទីសម្គាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។
31. ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
32. «ចូរអ្នករាល់គ្នាយកប្រស្នា*ស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។
33. ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
34. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។
35. ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
36. «រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។
37. នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ
38. គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។
39. គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។
40. បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
41. បើមានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
42. ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។
43. អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។