8. រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
9. កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “ព្រះបិតា” ឲ្យសោះ ដ្បិតអ្នករាល់គ្នាមាន“ព្រះបិតា”តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។
10. កុំឲ្យគេហៅអ្នករាល់គ្នាថា“មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះគ្រិស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។
11. ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។
12. អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
13. នែ៎! ពួកអាចារ្យ* និងពួកផារីស៊ី*ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្សចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។
14. [ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន]។
15. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
16. ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា “បើអ្នកណាស្បថដោយយកព្រះវិហារ*ធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន”។
17. មនុស្សលេលា កង្វាក់អើយ! មាស និងព្រះវិហារដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?
18. អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។
19. មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?
20. ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។
21. អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។
22. អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។