32. ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ!
33. នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន?
34. ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងអាចារ្យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ* ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។
35. ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ* និងអាសនៈ*។
36. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។
37. «អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
38. ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។
39. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា: “សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!” »។