23. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យ*សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។
24. អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
25. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសម្អាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។
26. ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ*ដែរ។
27. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។
28. អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្តែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។
29. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត
30. ដោយពោលថា: “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស* នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។
31. អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។