18. អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។
19. មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?
20. ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។
21. អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។
22. អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។
23. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យ*សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។
24. អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
25. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសម្អាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។
26. ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ*ដែរ។
27. ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។
28. អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្តែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។