ម៉ាថាយ 22:34-41 Khmer Standard Version (KHSV)

34. ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។

35. ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖

36. «លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ* តើ​មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។

37. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា”

38. ហ្នឹង​ហើយ​ជា​បទ‌បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។

39. រីឯ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។

40. បទ‌បញ្ជា​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។

41. ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖

ម៉ាថាយ 22