23. នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖
24. «លោកគ្រូ! លោកម៉ូសេ*មានប្រសាសន៍ថា: “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។
25. ឧបមាថា នៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធឲ្យប្អូន។
26. ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។
27. នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។
28. លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។
29. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។
30. ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។
31. ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថា:
32. “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។
33. កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀន គេងឿងឆ្ងល់ជាខ្លាំង។
34. ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។
35. ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖
36. «លោកគ្រូ! ក្នុងក្រឹត្យវិន័យ* តើមានបទបញ្ជាណាសំខាន់ជាងគេ?»។
37. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា”
38. ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។
39. រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង”។
40. បទបញ្ជាទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។
41. ពេលនោះ ពួកខាងគណៈផារីស៊ី*នៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖