ម៉ាថាយ 22:14-24 Khmer Standard Version (KHSV)

14. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះ‌អង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។

15. ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោ‌បាយ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

16. គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។

17. ហេតុ​នេះ សូម​លោក​គ្រូ​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យ‌វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ?»។

18. ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ?

19. ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។

21. គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិ‌រាជ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។

22. ពួក​គេ​ងឿង‌ឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះ‌អង្គ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះ‌អង្គ​ទៅ។

23. នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

24. «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថា: “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។

ម៉ាថាយ 22