6. សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ
7. ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។
8. នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។
9. មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
10. កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។
11. មហាជនឆ្លើយថា៖ «លោកជាព្យាការី*យេស៊ូមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។
12. បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
13. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់អធិស្ឋាន*តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!”»។
14. មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។
15. កាលក្រុមនាយកបូជាចារ្យ* និងអាចារ្យ*ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្តណាស់
16. គេទូលព្រះអង្គថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគម្ពីរមានចែងថា “ព្រះអង្គបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។
17. ព្រះអង្គទុកគេចោល ទ្រង់យាងចេញពីទីក្រុងឆ្ពោះទៅភូមិបេថានី ហើយស្នាក់នៅទីនោះ។