31. ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ* និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា
32. ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។
33. «សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
34. លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។
35. ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើមកវាយដំម្នាក់ ប្រហារជីវិតម្នាក់ និងយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។
36. ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។
37. នៅទីបំផុត ម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ ឲ្យមកជួបគេដោយគិតថា “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។
38. ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា: “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។
39. គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។
40. ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។
41. គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។
42. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង” ។តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ?
43. ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។
44. អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
45. ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*ឮដូច្នោះក៏ដឹងថា ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើពួកគេ។