24. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។
25. តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន”
26. បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី*»។
27. ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វីដែរ»។
28. «អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។
29. កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។
30. បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា: “បាទ កូនទៅ!” តែអត់ទៅទេ។
31. ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ* និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា
32. ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។
33. «សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
34. លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។