21. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថា: “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។
22. អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។
23. ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
24. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។
25. តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន”
26. បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី*»។
27. ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វីដែរ»។
28. «អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។
29. កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។
30. បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា: “បាទ កូនទៅ!” តែអត់ទៅទេ។