1. ព្រះយេស៊ូយាងមកជាមួយពួកសិស្ស* ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅមុន
2. ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។
3. ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។
4. ព្រឹត្តិការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី*ថា៖
5. «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា: មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ ទ្រង់មានព្រះហឫទ័យស្លូតបូត ទ្រង់គង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ» ។
6. សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ
7. ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។
8. នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។
9. មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
10. កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។
11. មហាជនឆ្លើយថា៖ «លោកជាព្យាការី*យេស៊ូមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។
12. បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។