ម៉ាថាយ 20:13-25 Khmer Standard Version (KHSV)

13. ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ​មែន​ឬ​មិន​មែន!

14. ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។

15. តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?”។

16. ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។

17. កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​នាំ​សិស្ស*ទាំង​ដប់‌ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖

18. «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។

19. គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

20. ពេល​នោះ ភរិយា​របស់​លោក​សេបេ‌ដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។

21. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។

22. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

24. កាល​សិស្ស*​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។

25. ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់‌គ្រង​ស្រុក​តែងតែ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។

ម៉ាថាយ 20