8. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។
9. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។
10. សិស្ស*នាំគ្នាទូលព្រះអង្គថា៖ «បើមានលក្ខខណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។
11. ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។
12. អ្នកខ្លះមិនអាចរៀបការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។
13. មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ
14. តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*នៃស្ថានបរមសុខបាន»។
15. បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះ រួចទ្រង់យាងចាកចេញពីទីនោះទៅ។