23. ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ណាស់!។
24. ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។
25. កាលពួកសិស្សឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។
26. ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយព្រះអង្គធ្វើកើតទាំងអស់»។
27. ពេលនោះ លោកពេត្រុស*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។
28. ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។
29. អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។
30. មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។