16. ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»។
17. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមបទបញ្ជា*ទៅ»។
18. គាត់ទូលសួរព្រះអង្គថា៖ «បទបញ្ជាអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស
19. ចូរគោរពមាតាបិតាចូរស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។
20. យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។
22. កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។
23. ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ណាស់!។
24. ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។