13. មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ
14. តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*នៃស្ថានបរមសុខបាន»។
15. បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះ រួចទ្រង់យាងចាកចេញពីទីនោះទៅ។
16. ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»។
17. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមបទបញ្ជា*ទៅ»។