1. កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។
2. មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។
3. មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។
4. ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី
5. រួចព្រះអង្គមានព្រះបន្ទូលថា: “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។
6. គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។
7. ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឲ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។
8. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។
9. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។
10. សិស្ស*នាំគ្នាទូលព្រះអង្គថា៖ «បើមានលក្ខខណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។