21. ពេលនោះ លោកពេត្រុសចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។
22. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង»។
23. «ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។
24. ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។
25. ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។
26. អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមទ្រង់មេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។
27. ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
28. ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។