18. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។
19. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខនឹងប្រទានឲ្យជាមិនខាន
20. ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
21. ពេលនោះ លោកពេត្រុសចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។
22. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង»។
23. «ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។
24. ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។
25. ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។
26. អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមទ្រង់មេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។