ម៉ាថាយ 18:11-30 Khmer Standard Version (KHSV)

11. [ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់។]»

12. «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់? គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ​ពុំ‌ខាន។

13. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេក‌អរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។

14. រីឯ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ក៏​ដូច្នោះ​ដែរ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ វិនាស​បាត់​បង់​ឡើយ»។

15. «ប្រសិន​បើ​មាន​បង‌ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង‌ប្អូន​នោះ មិន​ឲ្យ​បាត់​ឡើយ

16. តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ជួយ​ដាស់‌តឿន ដើម្បី​សម្រួល​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។

17. ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុម‌ជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុម‌ជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ*​ចុះ។

18. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែន‌ដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែន‌ដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ។

19. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែន‌ដី​នេះ​រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន

20. ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។

21. ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បង‌ប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។

22. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់‌ទោស​ឲ្យ​គេ​មិន​ត្រឹម​តែ​ប្រាំ‌ពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ចិត‌សិប​ដង​ប្រាំ‌ពីរ​ដង»។

23. «ហេតុ​នេះ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។

24. ពេល​ព្រះ‌រាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែនមក។

25. ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។

26. អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះ‌បាទា​ស្ដេច ទូល‌អង្វរ​ថា: “សូម​ទ្រង់​មេត្តា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះ‌អង្គ​វិញ​គ្រប់​ចំនួន”។

27. ព្រះ‌រាជា​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើ​នោះ​ពន់​ពេក​ណាស់ ព្រះ‌អង្គ​ក៏​ឲ្យ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។

28. ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់-ក ទាំង​ពោល​ថា: “សង​ប្រាក់​អញ​ទាំង​អស់​មក!”។

29. គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

30. ប៉ុន្តែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។

ម៉ាថាយ 18