4. លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។
5. កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក*ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ព្រះហឫទ័យនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ!»។
6. ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។
7. ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។
8. កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។
9. ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស*មានជីវិតរស់ឡើងវិញ»។
10. ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ*ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
11. ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។
12. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។
13. ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ*។
14. កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ
15. ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។
16. ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាទេ»។
17. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។