15. ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។
16. ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាទេ»។
17. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
18. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្ស អារក្សក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។
19. ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។
20. ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។
21. [គេអាចដេញអារក្សប្រភេទនេះឲ្យចេញបាន លុះត្រាតែអធិស្ឋាន* និងតមអាហារ]»។
22. កាលពួកសិស្ស*នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។
23. គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស*ព្រួយចិត្តជាខ្លាំង។
24. លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិមជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។
25. លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកពេត្រុសទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។