10. ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ*ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
11. ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។
12. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។
13. ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ*។
14. កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ
15. ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។
16. ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាទេ»។
17. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
18. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្ស អារក្សក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។
19. ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។
20. ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។
21. [គេអាចដេញអារក្សប្រភេទនេះឲ្យចេញបាន លុះត្រាតែអធិស្ឋាន* និងតមអាហារ]»។
22. កាលពួកសិស្ស*នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។
23. គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស*ព្រួយចិត្តជាខ្លាំង។